S3 E3: Land Registration: Supplementary Land Registration
6 10 月, 2026
ការចុះបញ្ជីដីធ្លីបំពេញបន្ថែម
តាមផែនការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការចុះបញ្ជីដីធ្លីនិងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ មកទល់នឹងពេលបច្ចុប្បន្ន តាមបណ្តាខេត្តមួយចំនួនត្រូវបានចុះបញ្ជីនិងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋរួចរាល់ ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនបានខកខានក្នុងការចួលរួមវាស់វែង និងបំពេញបែបបទចុះបញ្ជី ដោយប្រការណាមួយ។
យោងសារាចរណែនាំ លេខ ០៦ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៦ ប្រជាពលរដ្ឋដែលបានខកខានក្នុងការចូលរួមវាស់វែង និងបំពេញបែបបទចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ អាចដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លីបំពេញបន្ថែមបាន។
នីតិវិធីនៃការចុះបញ្ជីដីធ្លីបំពេញបន្ថែម៖
ជាដំបូងម្ចាស់ដីត្រូវស្នើសុំទៅអាជ្ញាធរ (ការិយាល័យដែនរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល) ដែលទីតាំងដីស្ថិតនៅ។ បន្ទាប់មកអាជ្ញាធរនឹងចុះមកធ្វើការវាស់វែងព្រំដីជូនម្ចាស់ដី។ ប្រសិនបើពុំមានវិវាទណាមួយនៅលើដីដែលស្នើសុំចុះបញ្ជីទេនោះ អាជ្ញាធរនឹងធ្វើការចុះបញ្ជីជូនម្ចាស់ដី។ បន្ទាប់ពីចុះបញ្ជីរួចរាល់ អាជ្ញាធរនឹងធ្វើនីតិវិធីបិទផ្សាយជាសាធារណៈដើម្បីឱ្យបុគ្គលពាក់ព័ន្ធធ្វើការតវ៉ា។ ក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយជាសាធារណៈ ប្រសិនបើពុំមានការតវ៉ាពីភាគីពាក់ព័ន្ធទេ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នឹងចេញប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដី។
ឯកសារតម្រូវ៖
១. អត្តសញ្ញាណប័ណ្ណ
២. សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ចំពោះទ្រព្យដោយឡែក ត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ប្រភេទទ្រព្យ) ឬលិខិតបញ្ជាក់ភាពនៅលីវ
៣. សៀវភៅស្នាក់នៅ
៤. ឯកសារសម្គាល់ការកាន់កាប់ដីធ្លី
៥. ឯកសារពាក់ព័ន្ធផ្សេងទៀត។
